មានចឹងទៀត! មិត្តភក្រ័ស្គាល់គ្នា ហៅមកផឹកស៊ីជាមួយ រួចគាស់ត្រូវរង្វាន់រថយន្ត យកក្រវិលកំប៉ុងរត់គេចបាត់…

(កណ្តាល)៖ បុរសជាសន្តិសុខឯកជនម្នាក់បានរងបណ្តឹងពីបទរំលោភលើទំនុកចិត្ត ក្រោយពីយកក្រវិលកំប៉ុងដែលគាស់ត្រូវរង្វាន់រថយន្តរត់គេចខ្លួនមិនចែកម្ចាស់ស្រាបៀរដែលហៅមកផឹក។ បុរសដែលរងបណ្តឹងឈ្មោះ ស៊ឹម ស៊ន់ អាយុ៣៨ឆ្នាំ ជាសន្តិសុខឯកជនយាមនៅស្នាក់ការធនាគារABA ស្ថិតនៅក្នុងភូមិថ្មី.សង្កាត់តាខ្មៅ.ក្រុងតាខ្មៅ.ខេត្តកណ្តាល ចំណែកឯដើមបណ្តឹងឈ្មោះឌុល ដែន ភេទប្រុសអាយុ៣៧ឆ្នាំ ជាអ្នករត់ម៉ូតូឌុប ស្នាក់នៅបន្ទប់ជួលក្នុងភូមិថ្មី.សង្កាត់តាខ្មៅ.ក្រុងតាខ្មៅ។

លោកឌុល ដែន បានរៀបរាប់ថា កាលពីវេលាម៉ោង០៩និង៣០នាទីព្រឹកថ្ងៃទី២៨ ខែមិនា ឆ្នាំ២០២១កន្លងទៅ ខ្លួនបានប្រើភរិយាឈ្មោះឈឹម ភា ឱ្យយកក្រវិលកំប៉ុងស្រាបៀGANGBERដែលត្រូវរង្វាន់ចំនួន១២ទៅដូរយកស្រាបៀដើម្បីយកមកហូប។ ហើយដោយយល់ថាជាមនុស្សរាប់អាន និងធ្លាប់ផឹកស៊ីជាមួយគ្នាជារើយៗនោះ ក៏បានហៅឈ្មោះស៊ឹម ស៊ន់ មកផឹកជាមួយបានជាគ្នា ដោយមានគ្នាទាំងអស់៣នាក់គឺខ្លួននិងប្រពន្ធព្រមទាំង ស៊ឹម ស៊ន់។

ភ្លាមនោះឈ្មោះស៊ឹម ស៊ន់ ក៏លើកស្រាបៀ១កំប៉ុងមកគាស់ ហើយស្រែកថាត្រូវរង្វាន់ធំហើយ រួចក៏បង្ហាញឱ្យមើលទាំងអស់គ្នា គឺត្រូវរង្វាន់រថយន្ត ហើយឈ្មោះស៊ឹមស៊ន់និយាយថា កុំមាត់ចាំគេចែកឱ្យ១ពាន់២ពាន់ដុល្លារ។ រំពេចនោះខ្លួនបាននិយាយថា ធ្វើអញ្ចឹងម៉េចកើតខ្ញុំហៅបងឯងមកផឹកហើយស្រាបៀរជារបស់ខ្ញុំ បើចែកត្រូវចែកគ្នាស្មើ ឬម្នាក់៤០%ម្នាក់៦០%ទើបយុត្តិធម៌។

ឮដូច្នោះឈ្មោះស៊ឹម ស៊ន់ ក៏កាន់កំប៉ុងស្រាបៀ និងក្រវិលកំប៉ុងដែលត្រូវរង្វាន់ក្រោកឈររួចនិយាយថា ខ្ញុំទៅបើកទ្វារឱ្យមេសិន រួចក៏ប្រមូលសម្លៀកបំពាក់ឡើងម៉ូតូឌុបយកក្រវិលកំប៉ុងត្រូវរង្វាន់រថយន្តនោះរត់គេចបាត់ទៅ។ ទោះបីខ្លួនទូរសព្ទ័ហៅយ៉ាងណាក៏មិនព្រមទទួលនិងចូលខ្លួនមកនិយាយគ្នាដែរ ទើបនៅថ្ងៃទី៣០ មិនា ខ្លួនក៏បានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិនគរបាលរដ្ឋបាលសង្កាត់តាខ្មៅ និងប្តឹងទៅក្រុមហ៊ុនស្រាបៀGANGBERGសុំឱ្យផ្អាកការបើករង្វាន់ជូនឈ្មោះស៊ឹម ស៊ន់ ដើម្បីធ្វើការដោះស្រាយគ្នាសិន ហើយក៏សូមផ្តាំទៅឈ្មោះស៊ឹម ស៊ន់ ប្រញាប់ចូលខ្លួនមកដោះស្រាយគ្នាឱ្យឆាប់ៗមក។

ស្ត្រីអ្នកលក់ស្រាបៀឈ្មោះស្រីទូច បានអះអាងថា កាលពីព្រឹកថ្ងៃទី២៨ មិនា កន្លងទៅឈ្មោះឈឹម ភា ពិតជាបានយកក្រវិលស្រាបៀរចំនួន១២មកបើករង្វាន់ស្រាបៀចំនួន១២កំប៉ុងពីខ្លួនប្រាកដមែន ហើយក្រោយមកក៏លឺហ៊ោថាត្រូវរង្វាន់ លុះបន្តិចក្រោយមកក៏ឃើញឈ្មោះស៊ឹម ស៊ន់ ដើរចេញទើបផ្អើលថាឈ្មោះស៊ឹម ស៊ន់ បានយកក្រវិលកំប៉ុងដែលត្រូវរង្វាន់រត់គេចខ្លួន៕ ប្រភព៖ សេរីភាពខ្ញុំសារព័ត៌មាន