ក្រោយពីក្រសួងអប់រំ ប្រកាសឲ្យបេក្ខជនចុះឈ្មោះប្រលង ឌីប្លូម និងបាក់ឌុប ជាប់ជាស្ថាពរ ថៅកែហាងពេជ្រ ទ្រី ដាណា បានបង្ហោះសារដ៏មានន័យ ទៅប្អូនៗថា…

(ភ្នំពេញ)៖ នាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ ក្រសួងអប់រំ យុវជន និងកីឡា បានសម្រេចឱ្យបេក្ខជនចុះឈ្មោះប្រលងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ (ឌីប្លូម) និងសញ្ញាបត្រមធ្យសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំសិក្សា២០១៩-២០២០ ជាប់ជាស្ថាពរដោយគ្មានការកំណត់និទ្ទេស។ ជាមួយនឹងការជូនដំណឹងនេះ ថៅកែហាងពេជ្រ អ្នកនាង ទ្រី ដាណា បានបង្ហោះសារដ៏មានន័យជូនដល់ប្អូនថា បងសូមអបអរសាទរដល់ប្អូនៗសិស្សថ្នាក់ទី៩ និងទី១២ ឆ្នាំនេះក្រសួងអប់រំកំណត់ឲ្យជាប់ជាស្ថាពរទាំងអស់គ្នា សម្រាប់អ្នកដាក់ពាក្យប្រឡង តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេច ដើម្បីបង្ការកូវីដ១៩ តែទោះយ៉ាងណា បងសូមផ្ដាំផ្ញើថាប្អូនត្រូវខំប្រឹងរៀនបន្តកុំបន្ធូរដៃ។ ម្ចាស់ NNP រូបនេះ បានបន្ថែមថា នេះមិនមែនជាជោគជ័យនៃជីវិតទេ វាគ្រាន់ជាការចាប់ផ្ដើមប៉ុណ្ណោះ ប្អូនកុំសប្បាយភ្លេចខ្លួន ព្រោះតទៅមុខ ប្អូននឹងមានរឿងរ៉ាវជាច្រើនដែលត្រូវជួប ត្រូវឆ្លងកាត់ជីវិតនៅសាកលវិទ្យាល័យ ឆ្លងកាត់ជីវិតការងារ ការរកស៊ី ធ្វើជំនួញ និងប្រឈមមុខបញ្ហាពេលរកលុយចាយដោយខ្លួនឯង។ ចំពោះការទទួលបាននិទ្ទេសល្អ ឬអត់ វាគ្រាន់តែជាការវាស់ស្ទង់ប៉ុណ្ណោះ ប្អូនអាចប្រឡងខ្លួនឯងតេស្តខ្លួនឯង ផ្ដល់និទ្ទេសខ្លួនឯង លើកទឹកចិត្តខ្លួនឯងឱ្យប្រឹងបន្ត ព្រោះចុងក្រោយគឺគេរកអ្នកពូកែមិនមែនមើលនិទ្ទេសទេ។ ពេលនេះយើងអាចអបអរ និងសប្បាយជាមួយការឆ្លងផុតដំណាក់កាលដំបូង តែសប្បាយរួចត្រូវគិតថានឹងធ្វើអ្វីបន្ត៕