បងប្អូនយល់យ៉ាងណា? រូបភាពប៉ូលិសស្រីមួយរូបបីកូនតូចក្នុងដៃ និងបំប៉ៅដោះកូន នៅហ្នឹងកន្លែងធ្វើការ ជាប្រធានបទជជែកពេញបណ្ដាយសង្គម…សូមជួយបញ្ចេញមតិផង!
(ស្ទឹងត្រែង)៖ រូបភាពមួយសន្លឹកបង្ហាញពីប៉ូលិសស្រីមួយរូបបីកូនតូចក្នុងដៃ និងបំប៉ៅដោះកូនផង នៅទីកន្លែងធ្វើការមួយ ព្រមជាមួយនឹងការស្លៀកឈុតឯកសណ្ឋានជាប៉ូលិសកំពុងទទួលការចាប់អារម្មណ៍ពីមហាជនលើបណ្តាញសង្គមយ៉ាងខ្លាំងក្លាប៉ុន្មានថ្ងៃកន្លងមកនេះ ដោយភាគច្រើនពោលសរសើរថា នាងពិតជាស្ត្រីគម្រូមួយរូបដែលខិតខំបំពេញការងារហើយ ខំប្រឹងមើលថែទាំកូនទៀត។
រូបភាពមួយសន្លឹកបង្ហាញពីស្ត្រីប៉ូលិសស្រីអង្គុយលើកៅអី ដៃម្ខាងបីកូនតូច និងបំប៉ៅកូន នៅចំណុចគោលដៅមួយកន្លែង កំពុងត្រូវបានអ្នកលេងបណ្តាញសង្គមជជែកដេញដោលយ៉ាងខ្លាំងនោះ គឺជារូបភាពរបស់អនុសេនីយ៍ទោ ស៊ីថុង សុខា ដែលស្ត្រីប៉ូលិសរូបនេះបានបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុករបស់នាងកាលពីថ្ងៃទី២ ខែមីនាកន្លងទៅ អមជាមួយនឹងខ្លឹមសារសរសេរថា
«ព្រោះតែពាក្យថាម្តាយ មិនថាក្នុងកាលៈទេសៈណាទេ ដើម្បីកូនភ្លេចអស់ភាពអៀនខ្មាស់ (នេះហើយជីវិតពិត)»។ ក៏ប៉ុន្តែមិនដឹងថា ក្រោយការបង្ហោះរូបភាពខាងលើនេះហើយ អ្នកនាងអនុសេនីយ៍ទោ ស៊ីថុង សុខា ត្រូវរងការស្តីបន្ទោសពីខាងណានោះទេ ស្រាប់តែកាលពីរាត្រីថ្ងៃទី៦ខែមីនា នាងបានបង្ហោះសារថ្មីមួយទៀតលើគណនីហ្វេសប៊ុករបស់នាង ដោយពោលពាក្យថា
«នាងខ្ញុំអនុសេនីយ៍ទោ ស៊ីថុង សុខា អត្តលេខ71655 សូមចេញមុខសុំទោសជាសារធារណៈក្នុង FACE BOOK ចំពោះការផុសរូបភាពបំបៅដោះកូននៅកន្លែងធ្វើការ និងស្លៀកឈុតឯកសណ្ឋានកាលពីថ្ងៃទី02/03/2021កន្លងមកនេះ» ។ អ្នកម្តាយរូបនេះបានបន្តថា «ការផុសទៅនេះ នាងខ្ញុំពុំមានគោលបំណងធ្វើអោយប៉ះពាល់ដល់កិត្តិយសអង្គភាពនគរបាល ព្រមទាំងប៉ះពាល់ដល់កិត្តិយសស្ត្រីខ្មែរទេ។ អាស្រ័យដូចនេះ សូមអង្គភាព និងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់មេត្តាដោយក្តីអនុគ្រោះ»។
ជាមួយនឹងការបង្ហោះសារសុំការអភ័យទោសពីមហាជន ចំពោះការបង្ហោះរូបភាពខាងលើនេះ អ្នកម្តាយរូបនេះហាក់ទទួលបានការកោតសរសើរពីមហាជន ជាជាងរងនូវការស្តីបន្ទោស ព្រោះក្រោយពីការបង្ហោះរូបភាព និងសារសុំការអនុគ្រោះពីមហាជននោះ គឺឃើញមានបងប្អូនអ្នកលេងបណ្តាញសង្គមចែកចាយយ៉ាងផុសផុល និងចូលបញ្ចេញទស្សនៈគាំទ្ររូបនាងទៅវិញ៕ ចុះប្រិយមិត្តវិញយល់យ៉ាងណាដែរ?