(មានវីដេអូ)! ក្រោយពីបែកធ្លាយរឿង អ្នកនៅជាមួយលួចលុយអស់ជាច្រើន អ្នកស្រី ទ្រី ដាណា បានបញ្ចេញវីដេអូសារភាពរបស់ជនសង្ស័យ ដោយរៀបរាប់ថា…

(ភ្នំពេញ)៖ ស្ត្រីម្នាក់ជាមេដោះកូនលោកស្រី ទ្រី ដាណា ត្រូវបានចាប់ឃាត់ខ្លួនពាក់ពន្ឋ័ករណីលួចលុយចំនួន១២០០០ដុល្លារ ប្រគល់ឲ្យកងរាជអាវុធហត្ថខណ្ឌព្រែកព្នៅ កាលពីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១ ស្ថិតនៅក្នុងភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ ប្រភពពីកងរាជអាវុធហត្ថខណ្ឌព្រែកព្នៅបានឲ្យដឹងថា

កម្លាំងជំនាញកងរាជអាវុធហត្ថខណ្ឌព្រែកព្នៅបានទទួលជនសង្ស័យម្នាក់ពីបទលួចលុយពីឈ្មោះ ទ្រី សាលីន ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរអាជីវករ រស់នៅភូមិផ្សារលិចសង្កាត់ព្រែកព្នៅខណ្ឌព្រែកព្នៅរាជធានីភ្នំពេញ តំណាងឱ្យជនរងគ្រោះឈ្មោះ ទ្រី ដាណា។ ចំណែកជនសង្ស័យឈ្មោះ សំរិត ផល ភេទស្រី អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមើលថែកូនរបស់ជនរងគ្រោះ ស្នាក់នៅក្នុងហាងលក់គ្រឿងអលង្ការ ទ្រី ដាណា នៅតាមបណ្តោយមហាវិថីឈ្នះ=ឈ្នះ ស្ថិតនៅក្នុងភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ប្រភពដដែលបានឲ្យដឹងទៀតថា បន្ទាប់ពីបានទទួលជនសង្ស័យហើយក៏យកមកធ្វើការសាកសួរ ដែលនៅមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានលួចយកលុយចំនួន12000$ (មួយម៉ឺនពីពាន់ដុល្លារ) របស់លោកស្រី ទ្រី ដាណា ពិតប្រាកដមែន។ បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនទៅការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញដើម្បីចាត់ការបន្ត។ ជាមួយគ្នានេះ អ្នកស្រី ទ្រី ដាណា បានបញ្ចេញវីដេអូសារភាពរបស់ជនសង្ស័យ អមជាមួយខ្លឹមសារថា៖

ខ្ញុំគិតថាខ្មាសគេមិនចង់និយាយរឿងនេះទេ តែឃើញកម្លាំងកងរាជអាវុធហត្ថបញ្ចេញរូបភាពគាត់ទៅហើយ ទើបចង់បញ្ជាក់ឱ្យបានដឹងរឿងច្បាស់។ ចំពោះទឹកលុយចំនួន១២០០០ដុល្លារនោះ គឺចំនួនទឹកលុយដែលខ្ញុំចាប់បានបុគ្គលនេះលើកចុងក្រោយប៉ុណ្ណោះ។ សម្រាប់បុគ្គលរូបនេះ គាត់បានមករស់នៅក្នុងផ្ទះខ្ញុំតាំងពីខែ១១ឆ្នាំ២០២០ សរុបរយៈពេលជាង ៤ខែមកហើយ គឺខ្ញុំបាត់លុយរហូត។

ឥឡូវនេះខ្ញុំកំពុងឱ្យខាងមេធាវីរបស់ខ្ញុំធ្វើការនេះបន្តទៀត។ សូមបងប្អូនកុំទាន់គិតថាគាត់លួចខ្ញុំប៉ុណ្ណេះ ទឹកលុយដែលខ្ញុំបាត់អស់ច្រើនណាស់។ សួរគាត់ម្ដងចេញបន្តិច សួរម្ដងចេញបន្តិច ចំនួនទឹកលុយកាន់តែច្រើន ដូចក្នុងវីដេអូនេះ ចំណែកចំនួនទឹកលុយដែលគាត់មិនសារភាពមិនដឹងថាប៉ុន្មានទៀត។ ខាងកម្លាំងជំនាញកំពុងសួរចម្លើយ និងស្រាវជ្រាវបន្ត។ ដូចនេះនាងខ្ញុំមិនចង់រៀបរាប់ច្រើនទេ ទុកឱ្យច្បាប់ជាអ្នកដោះស្រាយទៅចុះ។ ខំអាណិតមនុស្សក្បែរខ្លួន ផ្ដល់នូវអ្វីៗជាច្រើន តែបែរលោភលន់ ចង់មានបានឆាប់។ ស្ដាយទឹកចិត្ត!😢😢៕ ចង់ជ្រាប់ច្បាស់សូមទស្សនាវីដេអូចខាងក្រោម!