ខ្មែរគាំទ្រស្នាដៃខ្មែរ! កាបូបដ៏ប្រណិត ផលិតដោយកូនខ្មែរសុទ្ធសាធ ម៉ាក “ក្រវ៉ាញ” ស្រស់ស្អាតមិនចាញ់ម៉ាកអន្តរជាតិល្បីៗឡើយ ពិសេសផលិតពី…

(ភ្នំពេញ)៖ កាបួបដ៏ប្រណិតម៉ាក “ក្រវ៉ាញ” ផលិតដោយកូនខ្មែរមួយក្រុម មានភាពស្រស់ស្អាតមិនចាញ់ម៉ាកអន្តរជាតិល្បីៗឡើយ លើសពីនេះ ម៉ាក “ក្រវ៉ាញ” ត្រូវបានរចនាតាមម៉ាកម៉ូតទំនើបបុរស និងនារី មានទាំងសំលៀកបំពាក់ផងដែរ នេះបើយោងតាមការសរសេរនៅក្នុងបណ្ដាញសង្គមហ្វេសប៊ុក របស់ឯកឧត្តមខៀវ កាញ្ញារិទ្ធ នាព្រឹកថ្ងែទី១៣ ខែកុម្ភះ ឆ្នាំ២០២១នេះ

“ខ្ញុំបាទសូមអនុញ្ញាតគោរពជម្រាបឯកឧត្តមអំពីម៉ាកកាបូប fashion ជាផលិតផលម៉ាកខ្មែរយើងសុទ្ធសាធដែលយើងរចនាអក្សរក្បាច់ខ្មែរ ផលិតអំពីស្បែកក្រពើ ស្បែកគោ និងសូត្រខ្មែរជំហ៊ានដំបូង។ ខ្ញុំបាទបានផ្តួចផ្តើមគំនិតនេះឡើងបន្ទាប់ពីខ្ញុំបាទបានចូលរួមពិពណ៌វប្បធម៌អន្តរជាតិជាច្រើនលើក ទាំងអាស៊ី អ៊ឺរ៉ុប និង Western ម្យ៉ាងធនធានកូនៗដែលទទួលបានអាហារូបករណ៍តាមរយៈខ្ញុំមានស្រាប់ផងក៏សម្រេចបង្កើតម៉ាក “ក្រវ៉ាញ” នេះឡើង។

ក្រវ៉ាញជារុក្ខជាតិព្រៃដើមស្រដៀងខ្ញី មានផ្កាក្រអូបទាក់ទាញ ឯផ្កាទៀតសោតក៏មានតម្លៃថ្លៃអាចផលិតជាគ្រឿងថែសម្រស់ ឬគ្រឿងសម្អាងផង។ អក្សរក្រវ៉ាញត្រូវបានរចនាដោយកូន Toch Rosa និស្សិតឆ្នាំទី២ នៃសាធារណៈរដ្ឋវៀតណាម ជំនាញ Industrial design (រចនាម៉ូតឱស្សាហកម្ម) ហើយកញ្ញា Lou Chandaravordy និស្សិតបញ្ចប់បរិញ្ញាប័ត្រនៅប្រទេសថៃ ជាអ្នកសម្របសម្រួលផ្នែកដេរ។

ក្រវ៉ាញត្រូវបានរចនាតាមម៉ាកម៉ូតទំនើបបុរស និងនារី មានទាំងសំលៀកបំពាក់ផងដែរ។ ម៉ាកនេះនឹងជួយសម្រួលដល់កសិដ្ឋានចិញ្ចឹមក្រពើរនៅកម្ពុជាឲ្យរស់ឡើងវិញ និងមានតម្លៃសមរម្យ។ ខ្ញុំសង្ឃឹមថាម៉ាកនេះនឹងអាចប្រកួតប្រជែងទីផ្សារអឺរ៉ុបលើកមុខមាត់ជាតិបន្ទាប់ពីយើងប្រជុំសម្រេចសម្រួលកែក្បាច់ម៉ាក និងម៉ូតដើម្បីភាពឥតខ្ចោះ និងប្រណិតនេះឡើង។ ដោយក្តីគោរពពីខ្ញុំបាទ! ថុល តូម៉ា”