ភ្ញាក់ផ្អើល! បន្ទាប់ពី ព្រះសង្ឃ៣អង្គ មានអាការៈមិនស្រួលព្រះកាយ ហើយបានប្រញាប់បញ្ជូនទៅមន្ទីរពេទ្យ ដោយសារពុល…

(ពោធិ៍សាត់)៖ ហេតុការណ៍នេះ បានកើតឡើងកាលពី ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២១នេះ នៅចំណុចវត្តបាក់ចិញ្ចៀន ស្ថិតក្នុងភូមិបាក់ចិញ្ចៀន.ឃុំបាក់ចិញ្ចៀន.ស្រុកភ្នំក្រវាញ.ខេត្តពោធិ៍សាត់។ យ៉ាងហោចណាស់មានព្រះសង្ឃ៣អង្គបានពុលឱសថបុរាណបន្តបន្ទាប់គ្នា ក្រោយឆាន់ឱសថបុរាណនោះពីព្រះសង្ឃមួយអង្គ គង់នៅវត្តពោធិ៍វិន័យស្រះខាងកើត ដែលនិមន្តមកបុណ្យផ្កានៅវត្តបាក់ចិញ្ចៀន។

មុនពេលកើតហេតុមានព្រះសង្ឃមួយអង្គព្រះនាម សាន់ សារិទ្ធ ព្រះជន្ម៦០ឆ្នាំ គង់នៅវត្តពោធិ៍វិន័យស្រះខាងកើត ក្នុងស្រុកព្រះនេត្រព្រះ.ខេត្តបន្ទាយមានជ័យ បាននិមន្តមកបុណ្យផ្កានៅវត្តបាក់ចិញ្ចៀន.ស្រុកភ្នំក្រវាញ.ខេត្តពោធិ៍សាត់។ ដោយឃើញលោកគ្រូចៅអធិការវត្តបាក់ចិញ្ចៀនព្រះនាម អៀម ឃន ព្រះជន្ម៧៨ឆ្នាំ មានរូបរាងស្គមស្គាំង ព្រះអង្គ សាន់ សារិទ្ធ ក៏បានឱ្យឱសថបុរាណទៅលោកគ្រូចៅអធិការវត្តបាក់ចិញ្ចៀននោះឆាន់។ សេចក្តីរាយការណ៍បន្តថា

ក្រោយឆាន់រួច ក៏មានព្រះសង្ឃ០២អង្គទៀត ទី១.ព្រះនាម កេត សារឿន ព្រះជន្ម៧៥ឆ្នាំ ទី២.ព្រះនាម ប៊ូ ទុំ ព្រះជន្ម៤៧ឆ្នាំ ក៏បានឆាន់ឱសថបុរាណនោះបន្តបន្ទាប់ដែរ។ ក្រោយពីឆាន់ឱសថបុរាណនេះហើយ ក៏មានអាការៈមិនស្រួលខ្លួន រួចបានបញ្ជូនព្រះសង្ឃទាំង០៣អង្គ ទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់តែម្តង។ ចំណែកព្រះសង្ឃព្រះនាម សាន់ សារិទ្ធ សមត្ថកិច្ចយើងឱ្យគង់នៅវត្តបាក់ចិញ្ចៀនសិន រង់ចាំធ្វើការពិសោធន៍ឱសថបុរាណនោះរួច៕