កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង ឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធករណី អ ត្ត ឃា ត ស ម្លា ប់ យុវតីសិស្សទី១២ម្នាក់ ខណៈពេលនាងកំពុង…

(កំពង់ឆ្នាំង)៖ អំពើឃាត.កម្ម ដែលបានកើតឡើងលើយុវតី ជាសិស្សថ្នាក់ទី១២ម្នាក់ នៅភូមិអ្នកតារង ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង ពេលកំពុងជិះទូកទៅរៀនថែមម៉ោង ត្រៀមប្រឡងបាក់ឌុប ត្រូវកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បំបែកសំណុំរឿងបានហើយ ដោយឈានទៅដល់ការចាប់ខ្លួនជនសង្ស័យ ចំនួន២នាក់មកធ្វើការសួរនាំ។ ការឃាត់ខ្លួននេះត្រូវបានធ្វើឡើងនៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២០ ដែលដឹកនាំប្រតិបត្តិការដោយ លោកវរសេនីយ៍ទោ ហង្ស សុជាតិ មេបញ្ជាការរងអាវុធហត្ថខេត្តកំពង់ឆ្នាំង ទទួលផែនយុត្តិធម៌ និងដោយមានការសម្របសម្រួលពីលោក អ៉ិត សុធា ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត។ ជនដៃដល់ដែលកម្លាំងអាវុធហត្ថចាប់ខ្លួន ទី១៖ឈ្មោះ កាន់ ឈុនឡេង អាយុ៣៦ឆ្នាំ ទីលំនៅភូមិកំពង់ថ្គោលឃុំផ្សារចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ និងទី២៖ឈ្មោះ លន សុខឡូត អាយុ២២ឆ្នាំ ទីលំនៅភូមិផាត់សណ្តាយ ឃុំសណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដែលជាប់សង្ស័យពាក់ព័ន្ធករណីឃាត.កម្ម កាលពីថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០។ បច្ចុប្បន្ន ជនដៃដល់ កម្លាំងជំនាញកំពុងកសាងសំណុំរឿងដើម្បីបញ្ជូនទៅតុលាការចាត់ការតាមច្បាប់។ សូមរំលឹកថា យុវតីម្នាក់ជាសិស្សថ្នាក់ទី១២ នៅវិទ្យាល័យ ហ៊ុន សែន បរិបូណ៌ បើកកាណូតទៅរៀន ស្រាប់តែបាត់ខ្លួនមួយថ្ងៃមិនឃើញត្រឡប់មកផ្ទះ លុះព្រឹកឡើងត្រូវបានគេឃើញសពអណ្ដែតទឹក។ ហេតុការណ៍នេះ បានបង្កឲ្យមានការភ្ញាក់ផ្អើលនៅព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០នេះ នៅចំណុចផ្លូវថ្មី ភូមិអ្នកតាតាង ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។ បើតាមប្រភពពីម្ដាយក្មេងស្រីរងគ្រោះ បានឲ្យដឹងថា< បច្ចុប្បន្នគាត់មានទីលំនៅក្នុងភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង កូនស្រីរបស់គាត់មានឈ្មោះ ឡាំ រដ្ឋា អាយុ១៩ឆ្នាំ រៀនថ្នាក់ទី១២ រៀននៅវិទ្យាល័យ ហ៊ុន សែន បរិបូណ៌។ មុនពេលកើតហេតុកូនរបស់គាត់ បានបើកទូកបាឡាទៅរៀនជាធម្មតា ដោយនៅវេលាម៉ោង៦ល្ងាច កូនរបស់គាត់តែងតែមកដល់ផ្ទះជាប្រចាំជារៀងរាល់ថ្ងៃ ដោយឡែកនៅល្ងាចថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២០ មិនឃើញកូនរបស់គាត់ត្រឡប់មកផ្ទះដូចសព្វដង។ ដោយបាត់កូនយប់ហើយនៅតែមិនឃើញមកផ្ទះវិញ ក្រុមគ្រួសារ និងអ្នកស្រុកក៏បាននាំគ្នាជួយបើកទូក ដើររកទាំងយប់ដែរ តែដោយសារយប់ងងឹតរកមិនឃើញ។ លុះព្រឹកឡើងទាំងសមត្ថកិច្ចក៏ដូចជា អាជ្ញាធររួមទាំងប្រជាពលរដ្ឋផង ក៏បាននាំគ្នាបើកកាណូតរុករក ក៏ប្រទះឃើញសាកសពនៅវេលាម៉ោង៨ព្រឹក នៅចំណុចខាងលើ ចំណែកទូកបាឡាដែលនាងជិះទៅរៀន គឺអណ្ដែតនៅកណ្ដាលទន្លេ ប្រមាណជាង៥០០ម៉ែត្រពីសាកសព៕